បង្ក្រាបនិងឃាត់ខ្លួនមួយសប្បុកធំសំងំជួញដូរប្រើប្រាស់គ្រឿងញៀនក្ន្ងុងផ្ទះសំណាក់ មនុស្សប្រុសស្រី១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកក ១៧កញ្ចប់!

(កណ្តាល)៖មូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ ( ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី ១៦ និង១៧ខែមីនាឆ្នាំ២០២៦ ដែលស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាង បានប្រាប់អោយដឹងថា÷ ក្រុមជនសង្ស័យទាំង១៦នាក់ មានបុរសចំនួន ១១នាក់ ស្រីចំនួន០៥នាក់ (វិជ្ជមានសារធាតុញៀនចំនួន១៥នាក់) ដែលមានអាយុចន្លោះពី ១៨ឆ្នាំដល់៤៤ឆ្នាំ ក្នុងនោះមានមេការផ្ទះសំណាក់ ០១នាក់ និងមានទីលំនៅ ក្នុងស្រុកស្អាងចំនួន១២នាក់ ស្រុកកោះធំ ចំនួន ០៣នាក់ និងស្រុកព្រៃកប្បាស់ ខេត្តតាកែវ ចំនួន០១នាក់ ។
វត្ថុតាងចាប់យករួមមាន÷ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧ កញ្ចប់និងសម្ភារ:ប្រើប្រាស់មួយចំនួន, បារីអេឡិចត្រូនិចចំនួន០៤ដើម,រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0231, ទូរសព្ធដៃចំនួន០៧គ្រឿង,ម៉ូតូចំនួន០៤គ្រឿង
ម៉ាកSONICពណ៍ខៀងមួយគ្រឿង(គ្មានផ្លាកលេខ)-ម៉ាកគូបជ្រុង ពណ៍ខៀវមួយគ្រឿង(គ្មានផ្លាកលេខ) -ម៉ាកC125ពណ៍ខៀវមួយគ្រឿងពាក់ស្លាកលេខ 1AN -4008, ម៉ាកសេ125ពាក់ស្លាកលេខតាកែវ1P-7155 ។
លោកមេបញ្ជាការស្រុកបានបន្តទៀតថា÷ ក្រោយធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្នត់ចត់ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន ជិះម៉ូតូចូលក្នុងផ្ទះសំណាក់យីហោ (ហ្គោអន)ទីតាំងកើតហេតុ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាង់ពីលោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រមទាំងមានការចូលរួមពីលោក សេង វុធ អភិបាលរងស្រុកស្អាង លោកមេបញ្ជាការបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់ទីតាំងកើតហេតុ ។
ជាលទ្ធផលនៅក្នុងសំណាក់ (ហ្គោអន)ក្នុងបន្ទប់លេខ 66 បន្ទប់លេខ 08 បន្ទប់លេខ03 និងបន្ទប់លេខ04 ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ១៥នាក់ និងបន្តដល់ម៉ោង១១និង២០នាទីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២៦ កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សម្បត្តិ សុខហេង នៅចំណុចផ្លូវលេខ 23 ស្ថឹតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ។
ជនសង្ស័យបានសារភាពថា ÷ ថ្នាំញៀនបានទិញ ក្នុងតំលៃចាប់ពី ៧៥០.០០០រៀល ( ចិតសិបប្រាំម៉ឺនរៀល) ដល់ ៣.០០០.០០០រៀល (បីលានរៀល ) ពីឈ្មោះឆេង ចាន់ណា ឯ ឈ្មោះ ឆេង ចាន់ណា បានទិញពី ឈ្មោះថាញ់ ភេទប្រុសអាយុប្រហែល៥០ឆ្នាំ នៅម្តុំផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីយកមករំលែកវិចខ្ចប់ ជួញដូរបន្តនិងប្រើប្រាស់។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង១៦នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីបន្តនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *